រាជរដ្ឋាភិបាលកម្ពុជាបានយកចិត្ដទុកដាក់យ៉ាងខ្លាំងក្នុងការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធនៅទូទាំងប្រទេសដូចជាផ្លូវលំ ផ្លូវជាតិ ផ្លូវដែក ផ្លូវល្បឿនលឿន ផ្លូវក្រោមដី អាកាសយាន្ដដ្ឋាន កំពង់ផែ ស្ពានឆ្លងកាត់ទន្លេរ ស្ពានអាកាសជាដើម ដើម្បីសម្រួលដល់ការធ្វើដំណើររបស់ប្រជាជន និងជាពិសេសគឺដើម្បីទាក់ទាញវិនិយោគមកកាន់ប្រទេសកម្ពុជា។​ ជាមួយគ្នានេះផងដែរកាលពីពេលថ្មីៗកន្លងទៅនេះ ក្នុងឱកាសអញ្ជើញសម្ភោធមជ្ឈមណ្ឌលកម្សាន្ត ខ្នាតយក្សដំបូងនៅកម្ពុជា «ព្រីនស៍ ម៉ាណ័រ» សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្ដីនៃព្រះរាជាណាចក្រកម្ពុជាបានមានប្រសាសន៍ថា នៅថ្ងៃទី២៦ ខែតុលា ខាងមុខនេះ សម្ដេចនឹងញ្ជើញបើកការដ្ឋានសាងសង់ស្ពានតភ្ជាប់ពីកោះពេជ្រ ទៅកាន់កោះនរា ដែលស្ពាននេះជាស្ពានតភ្ជាប់ពីខេត្ដកណ្ដាលមករាជធានីភ្នំពេញ។

ស្ពានតភ្ជាប់ពីកោះពេជ្រមកកោះនរានេះ គឺជាប្រភេទស្ពានបេតុងខ្សែកាប មានប្រវែង៨២៤ម៉ែត្រ ដែលគ្រោងចំណាយទឹកប្រាក់ប្រមាន ៣៨ លានដុល្លារក្នុងការសាងសង់។ ហើយស្ពាននេះផងដែរគឺត្រូវបានវិនិយោគដោយក្រុមហ៊ុន OCIC ដោយប្រើពេលប្រមាណ ៣៨ ខែនៅក្នុងការសាងសង់។
ក្រៅតែពីស្ពានមួយនេះ ក្នុងឱកាសនោះសម្ដេចតេជោក៏បានមានប្រសាសន៍ បង្ហើបពីគម្រោងសាងសង់ផ្លូវជាតិថ្មី ៣ ខ្សែផងដែរតភ្ជាប់ផ្លូវជាតិសំខាន់ៗមួយចំនួន ទៅកាន់ខេត្ដកំពត។ ដោយក្នុងនោះមានផ្លូវជាតិលេខ៤១ តភ្ជាប់ផ្លូវជាតិលេខ៤ ទៅកាន់ខេត្ដកំពត ផ្លូវជាតិលេខ៣១និង៣៣ នៅខេត្ដកំពតផ្ទាល់តែម្ដង។ បើតាមការបញ្ជាក់របស់សម្ដេចតេជោ គម្រោងសាងសង់ផ្លូវជាតិទាំង ៣ ខ្សែនេះគឺទទួលបានថវិកាពីប្រទេសចិន នឹងបានចរចាត្រូវថ្លៃគ្នាជាមួយក្រុមហ៊ុនសាងសង់ផងដែរ ហើយក្រោយពីការចុះហត្ថលេខារួចនឹងបើកការដ្ឋានសាងសង់តែម្ដង៕